ពិតជាមិននឹកស្មានថា តារាហុងកុង Nicholas Tse ធ្លាប់មកខ្មែរកាលពី១២ឆ្នាំមុន ថែមទាំងបានជួយសង់ផ្ទះឲ្យអ្នកក្រីក្រថែមទៀតផង

0
92

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាកាលពីពេលកន្លងទៅនេះតារាសម្តែងលោក Nicholas Tse ព្រមទាំងភ្ញៀវកិត្តិយសប្រចាំសប្តាហ៍របស់លោកគឺតារាចម្រៀងហុងកុងគឺ កញ្ញា G.E.M បានបង្ហាញវត្តមានមកធ្វើដំណើរកម្សាន្តនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ជាច្រើនថ្ងៃ។ យ៉ាងណាមិញក្នុងការមកលេងកម្សាន្តនេះ អ្នកទាំងពីរបានមកថតកម្មវិធី “Chef Nic” យោងតាមវីដេអូដែលបានបង្ហាញ គេសង្កេតឃើញ G.E.M និង Nicholas Tse បានបង្ហាញភាពរីករាយជាខ្លាំង តែក៏គួរឲ្យអស់សំណើចដោយអ្នកទាំងពីរបានព្យាយាមក្នុងការញុាំសាច់ល្អិតដែលលក់នៅក្នុងផ្សាររាត្រី សៀមរាប។

អ្វីដែលនឹកស្មានមិនដល់នោះគឺតារាសម្តែងលោក Nicholas Tse ធ្លាប់មកលេងកម្ពុជាម្តងរួចមកហើយ ជាពិសេសលោកបានមកធ្វើនូវអំពើសប្បុរសធម៌។ ដោយកាលពី១២ឆ្នាំមុន លោក Nicholas Tse ធ្លាប់បានមកទឹកដីសៀមរាប និងបានមកដល់តំបន់មួយ ដែលកន្លែងនោះកាលពីមុនផ្ទះប្រជាជនជាច្រើនសុទ្ធតែលិចទឹក ដោយលោកបានរៀបចំនូវមូលនិធិ ជួយសង់ផ្ទះដល់បងប្អូនប្រជាជនខ្មែរនៅទីនោះ។ យ៉ាងណាមិញលោកក៏បង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំងដោយលោកបាននិយាយថា បើខំតែមានអ្នកនាំផ្លូវមក លោកក៏មិនអាចចាំបានថាផ្ទះដែលលោកធ្លាប់ជួយសង់នោះនៅទីណាដែល នៅពេលមកដល់ឃើញបែបនេះលោកពិតជាមានអារម្មណ៍ថាសប្បាយចិត្ត ជាមួយនឹងអនុស្សាវរីយ៍ដែលលោកធ្លាប់លើកក្តារមួយបន្ទះៗដើម្បីជួយសាងសង់ផ្ទះ។ តារាវ័យ៣៨ឆ្នាំ រូបនេះក៏បន្តថា លោកចាំបានថាកាលពីក្មេងម្តាយរបស់លោកមិនដែលចង់ឲ្យលោកធ្វើជា Superman ឬជាមនុស្សអស្ចារ្យអ្វីទេ ដោយគ្រាន់តែចង់ឲ្យលោកជាមនុស្សដែលមានប្រយោជន៍ និងចេះលះបង់សម្រាប់សង្គម ហើយលោកគួរតែធ្វើរឿងបែបនេះឲ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here