ដីកេរកណ្ដាលក្រុង អ្នកវិនិយោគឱ្យថ្លៃជិត ៥០លានដុល្លារ មិនព្រមលក់សូម្បីមួយម៉ែត្រ សុខចិត្តស្លៀកខោអាវចាស់ដើរធ្វើស្រែចម្ការ (មានវីដេអូ)

0
1675

សព្វថ្ងៃនេះ មនុស្សមិនតិចនាក់ទេ ដែលក្លាយខ្លួនជាសេដ្ឋីដោយសារត្រូវប៉ាន់ដី។ អ្នកខ្លះក៏បន្តយកលុយទៅរកស៊ីកាន់តែមានឡើង ចំណែកអ្នកខ្លះទៀត ភ្លេចខ្លយនសប្បាយចាយវាយបានបន្តិចក៏ធ្លាក់ខ្លួនក្រទៅវិញ។ ចម្លែកអ្វីតែបុរសម្នាក់នៅប្រទេសថៃ មានដីកេរ ៦០រៃនៅក្នុងទីក្រុងបាងកក ដែលអ្នកវិនិយោគតាមទិញឱ្យតម្លៃសរុបរហូតដល់ទៅ ៤៧លានដុល្លារ នៅតែមិនព្រមលក់សុខចិត្តបន្តធ្វើស្រែចម្ការដូចពីមុន។

បើតាមប្រភពព័ត៌មានរបស់ថៃបានឱ្យដឹងថា ដីដែលគេតាមទិញនោះ មានទំហំសរុប ៥០រៃ ស្មើនឹង៨ហិកតា។ អ្នកវិនិយោគបាននាំគ្នាឱ្យថ្លៃដីនោះ រហូតដល់ ៣០លានបាត(ប្រមាណ ៩៤ម៉ឺនដុល្លារ) ក្នុងមួយរៃ (ស្មើនឹង ១៦០០ម៉ែត្រក្រឡា)​ ដោយសារពួកគេមើលឃើញតំបន់នោះព័ទ្ធជុំវិញដោយទីប្រជុំជន មានផ្លូវខ្វាត់ខ្វែង ហើយមានបំណងទិញដីនោះមកសង់ជាអគារ និងវិឡាផ្សេងៗ។

ម្ចាស់ចម្ការ និងដីស្រែនៅក្នុងបាងកកនេះមានឈ្មោះ Somphote Thapcharoen វ័យ ៦០ឆ្នាំ។ បើតាមការរៀបរាប់ប្រាប់ទូរទស្សន៍ដែលចុះទៅយកព័ត៌មានផ្ទាល់បានឱ្យដឹងថា បុរសចំណាស់រូបនេះជាអតីតអ្នកស្រាវជ្រាវផ្នែកកសិកម្ម។ ប៉ុន្តែនៅឆ្នាំ២០១៤ លោកនិងប្រពន្ធបានសម្រេចចិត្តលាលែងពីការងារ បោះបង់ប្រាក់កម្រៃប្រមាណរួមគ្នាសរុប ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ រួចក៏បើកកសិដ្ឋានចម្រុះមួយនៅកណ្តាលទីក្រុងបាងកកតែម្តង។

ដីដ៏ធំនោះគឺជាកេរបន្សល់ទុកពីឪពុករបស់លោក ហើយលោកបានស្រឡាញ់កសិកម្មដូចជាឪពុក និងធំធាត់បើកភ្នែកមកជាមួយនឹងធម្មជាតិបែបនេះ។ លោកបានចាប់ផ្តើមដាំដំណាំជាច្រើនប្រភេទ មានទាំងស្រូវ ស្វាយ ជីកស្រះចិញ្ចឹមត្រី ដាំបន្លែច្រើនមុខ។ ក្រោយមកលោកក៏បើកភោជនីយដ្ឋានមួយនៅកសិដ្ឋានផ្ទាល់ ដោយប្រើប្រាស់បន្លែធម្មជាតិដែលលោកដាំដោយផ្ទាល់ដៃតែម្តង។

នៅពេលសួរថា ហេតុអ្វីគេឱ្យថ្លៃប៉ុណ្ណឹងលោកមិនព្រមលក់ធ្វើអ្នកមាន? លោក Somphote បាននិយាយថា ឱ្យលោកសប្បាយជាមួយលុយដូចម្តេច បើចិត្តលោកមានសេចក្តីសុខជាមួយការធ្វើស្រែចម្ការ ស្ទូចត្រី ដាំផ្កាទៅហើយ។ បើគ្មានបរិយាកាសបែបនេះ ទោះគំនរមាសប្រាក់ ក៏មិនអាចធ្វើឱ្យលោកសប្បាយដែរ។ ដូចនេះហើយទើបលោកចង់ប្រើដីនេះ ដើម្បីកម្សាន្តក្នុងជីវិតសាមញ្ញរបស់លោក។ អ្នកចម្ការរូបនេះថែមទាំងនិយាយទៀតថា សម្រាប់គេបើគេសប្បាយប្រោះលុយ ជារឿងរបស់គេ ប្រោះសេចក្តីសុរបស់មនុស្សមិនដូចគ្នាទេ។

លោក Somphote Thapcharoen កំពុងពេញចិត្តចំពោះការរស់នៅរបស់លោក នៅលើស្រែចម្ការ ដោយមិនប្រាថ្នាឡានថ្លៃ ឬវីឡាស្កឹមស្កៃ មានអ្នកបម្រើឆ្វេងស្តាំនោះឡើយ។ នៅថ្ងៃអនាគត លោកមានបំណងប្រាថ្នាបើកបន្ទប់សម្រាប់ស្នាក់នៅតាមបែបស្រុកស្រែទទួលយកបទពិសោធន៍ធម្មជាតិពិតៗនៅលើកសិដ្ឋាន ៥០រៃរបស់លោក ដែលនៅកណ្តាលទីក្រុងបាងកក មិនចាំបាច់ធ្វើដំណើរទៅណាឆ្ងាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here