ស្នាដៃកូនខ្មែរពិតៗ! សិប្បកម្មកែច្នៃជា​របស់ប្រើ​ប្រាស់ធ្វើពីដើម​ត្នោតខ្មែរ ពិតជាស្អាតនឹងទាក់ទាញខ្លាំង

0
175

សិប្បកម្មខ្មែរ៖ ដើម​ត្នោត​ជា​​អត្តសញ្ញាណ​ជាតិ​ខ្មែរ​មួយ​ បាន​ដុះ​ពាស​ពេញ​ប្រទេស និង​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​គេ​បំផុត​រាប់​ចាប់​តាំង​ពី​ចុង​ដល់​ ឫស​​ត្នោត​ គឺ​គេ​សឹង​មិន​អាច​ចោល​ផ្នែក​ណា​មួយ​បាន។

ស្លឹក​ត្រូវ​គេ​ប្រើ​ប្រាស់​សម្រាប់​ដេរ​ប្រក់​ដំបូល​​ផ្ទះ ឬ​រោង​ផ្សេង​ៗ ផ្លែ​អាច​ច្នៃ​​ជា​គ្រឿង​បរិភោគ​បាន​ច្រើន​ប្រភេទ ទឹក​​ធ្វើ​ស្ករ ​ផ្កា និង​ឫស​ធ្វើ​ថ្នាំ ឯ​ដើម​មាន​អត្ថប្រយោជន៍​​ច្រើន​ជាង​គេ​ដូច​ជា ​ពុះ​ច្រៀក​ធ្វើ​ផ្ទះ ឯ​ដើម​ខ្លឹម​ៗ​សម្រាប់​កែច្នៃ​ជា​គ្រឿង​សង្ហារឹម វត្ថុ​អនុស្សាវរីយ៍​ ឬ​របស់​ប្រើ​ប្រាស់​​រាប់​រយ​ប្រភេទ​។

ដោយ​ការ​មើល​ឃើញ​ពី​អត្ថប្រយោជន៍​របស់​ដើម​ត្នោត ​សិប្បកម្ម​មួយ​កន្លែង​​ស្ថិត​នៅ​ឃុំ​បឹង​បត់​កណ្ដាល ស្រុក​បាកាន ​ខេត្ត​ពោធិ៍សាត់ ​បាន​បើក​ដំណើរ​ការ​កែ​ច្នៃ​​ដើម​ត្នោត​ជា​ច្រើន​ឆ្នាំ​ដែរ​ហើយ រហូត​មាន​កម្មករ​ជាង ១៥០​នាក់។ ម្ចាស់​សិប្បកម្ម​លោក សាន ពៅ បាន​រៀប​រាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា មុន​នឹង​ចេះ​ជំនាញ​សិប្បកម្ម​នេះ លោក​បាន​ទៅ​សុំ​ជន​ពិការ​​រៀន​ពី​ការ​កែច្នៃ​ដើម​ត្នោត​ផលិត​ចេញ​ជា​សម្ភារៈ​ផ្ទះ​បាយ មាន​ស្លាប​ព្រា វែក ថាស ​ត្បាល់​បុក​ ចាន​ជា​ដើម។

ទម្រាំ​អាច​ជួល​កម្មករ​ជាង ១៥០​នាក់​នេះ ដំបូង​លោក​ចាប់​ផ្ដើម​ជួល​តែ ២នាក់​ប៉ុណ្ណោះ​ជាមួយ​ម៉ាស៊ីន​ក្រឡឹង ម៉ាស៊ីន​កាត់ និង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ផ្សេង​ទៀត។ លោក​បន្ថែម​ថា ក្រោយ​ការ​តស៊ូ​ព្យាយាម​ជាមួយ​សិប្បកម្ម​នេះ​អស់​រយៈពេល ១៣​ឆ្នាំ ​លោក​អាច​វិវឌ្ឍ​​ខ្លួន​ពី​សម្ភារៈ​តូច​តាច រហូត​ដល់​គ្រឿង​សង្ហារឹម​មាន​តម្លៃ​ជា​ច្រើន​ដូច​ជា ​គ្រែ ប៉ាវអ៊ី តុ​បត់ កៅអី បង្កាន់​ដៃ​កាំ​ជណ្ដើរ​ជាដើម។ ចំណូល​​ពី​ផលិតផល​របស់​សិប្បកម្ម​​សាន​ពៅ គឺ​ប្រមាណ ៣ ទៅ​៤ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។

ចំណែក​អ្វី​ជា​បញ្ហា​ចោទ​ដែល​ធ្វើ​មហាជន ​ក៏​ដូច​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​ការ​ព្រួយ​បារម្ភ​នោះ​គឺ ​យល់​ថា​សិប្បកម្ម​នេះ​កំពុង​បំផ្លិចបំផ្លាញ​ដើម​ត្នោត​របស់​ដូន​តា​ខ្មែរ​ព្រោះ​វា​ត្រូវ​ការ​​ប្រើ​រយៈពេល​យូរ​ពី​ ២០ ទៅ ៣០​ឆ្នាំ ទើប​ក្លាយ​ជា​ដើមត្នោត​ពេញ​លក្ខណៈ​បាន។

ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រួយ​បារម្ភ​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​​ម្ចាស់​សិប្បកម្ម​​បាន​បញ្ជាក់​ថា ដើម​ត្នោត​ដួល​បាក់​រលំ ​រន្ទះ​បាញ់​កំបុត​ចុង​ស្អុយ​នៅ​តាម​វាល​ស្រែ​ ទើប​​ពួក​គាត់​​យក​មក​កែ​ច្នៃ​ ពួក​គាត់​មិន​ដើរ​កាប់​​ដើម​ត្នោត​ល្អៗ​ទេ យក​មួយ​ណា​ដែល​ប្រជាកសិករ​​ប្រើប្រាស់​លែង​បាន៕ (លេខទូរសព្ទ​ម្ចាស់​សិប្បកម្ម​អាច​ទាក់​ទង​ 070 97 77 07/ 017 77 02 07)

ប្រភព៖ khmer360.xyz

LEAVE A REPLY

Please enter your comment!
Please enter your name here